ពិតជាមិនធម្មតាមែនថៅកែឈ្មោះ ម៉ៅ បានដាក់រោងម៉ាស៊ីន (ម៉ាសុីនរ៉ៃ) នៅកណ្ដាលភូមិ ធ្វើសកម្មភាព អាជ្រៀកឈើរាល់ថ្ងៃ ជំនាញហាក់មើលរំលង

ខេត្តកំពង់ស្ពឺ៖ បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ថាមាន រោងម៉ាស៊ីន(ម៉ាស៊ីនរ៉ៃ) ខ្នាតយក្សមួយកន្លែង បានធ្វើសកម្មភាពអាជ្រៀកឈើយ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ ដោយមិនមានការរំខានពីសមត្ថកិច្ច និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចុះមកបង្ក្រាបសោះ ស្ថិតនៅក្នុងភូមិព្រៃខ្លា ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា រោងម៉ាស៊ីន (ម៉ាស៊ីនរ៉ៃ) ខ្នាតយក្ស ដែលធ្វើសកម្មភាពអារជ្រៀកឈើនោះ គឺនៅក្នុងដីលំនៅដ្ឋានមួយកន្លែងដែលមានរបងថ្មហ៊ុំព័ទ្ធជុំវិញ ដែលគេស្គាល់ម្ចាស់ឈ្មោះថៅកែ ម៉ៅ បានបើកដំណើរការអារឈើរាប់ឆ្នាំមកហើយ បានដោយសុវត្ថិភាព មិនមានសមត្ថកិច្ច និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើណា ចុះមកបង្ក្រាបសោះ សង្ស័យត្រូវមន្តអាគមសារិកាលិនថោង ទើបស្រវាំងភ្នែកមើលមិនឃើញ ត្រចៀកថ្លង់ស្ដាប់មិនឮអ្វីទាំងអស់ ។

ប្រជាពលរដ្ឋដែលពួកគាត់មិនសប្បាយចិត្តពីសកម្មភាពនេះបានផ្ញើ (រូបភាពជាវីដេអូ) នៅកន្លែងទីតាំងរោងម៉ាស៊ីន (ម៉ាស៊ីនរ៉ៃ) របស់ថៅកែឈ្មោះ ម៉ៅ ឃើញមានឈើដុលជាច្រើនកំណាត់ ដែលថៅកែឈ្មោះ ម៉ៅ បានដាក់ពង្រាយជាច្រើនកន្លែងនៅក្នុងដីលំនៅឋានរបស់ខ្លួន នឹងធ្វើសកម្មភាពអាចជ្រៀកឈើដោយប្រើប្រភេទម៉ាស៊ីនរ៉ៃ ជារៀងរាល់ថ្ងៃដែលធ្វើឲ្យមានការរំខានពួកគាត់ពិបាកក្នុងការរស់នៅ ។

ប្រជាពលរដ្ឋបានបន្ថែមទៀតថា មិនតែប៉ុណ្ណោះពេលធ្វើសកម្មភាពអាឈើម្ដងៗ សំឡេងម៉ាស៊ីនលាន់ឮខ្លាំងរំរំលងពីផ្ទះមួយទៅផ្ទះមួយ រំខានពួកគាត់រកពេលសម្រាកពេលថ្ងៃមិនបាន  ម្យ៉ាងទៀតពេលយប់មានរថយន្ត ឬរ៉ឺម៉ក មកទម្លាក់ឈើ នឹងលើកឈើឡើងម្ដងៗ ឮសំឡេងក្តូងក្តាំងរកពេលដេកពួនមិនបាន ពួកគាត់ឆ្ងល់ថា តើហេតុអ្វីបានជាថៅកែឈ្មោះ ម៉ៅ អាចដាក់រោងម៉ាស៊ីន (ម៉ាស៊ីនរ៉ៃ) នៅកណ្ដាលភូមិ នឹងធ្វើសកម្មភាពអាជ្រៀកឈើដោយមិនគិតពីផលប៉ះពាល់របស់ពួកគាត់បាន សង្ស័យថៅកែឈ្មោះ ម៉ៅ បានសែនព្រេនដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ឬមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងជំនាញពាក់ព័ន្ធ បានសមមាត់សាមករ អស់ហើយទេដឹង? ទើបសកម្មភាពអាចឈើនេះទៅដោយរលូនមិនមានការបង្ក្រាបសោះ 

ប្រភពព័ត៌មានមួយទៀតបានបង្ហើបឱ្យដឹងថា មិនមែនមានតែម៉ាសុីនរ៉ៃ របស់ថៅកែម៉ៅនោះទេ នៅមានថៅកែ ធី មួយកន្លែងទៀត ដែលកំពុងតែដំណើរការយ៉ាងរលូន ស្ថិតនៅក្នុងភូមិឃ្លៃថ្មី ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើអាជ្ញាធរ ឬមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងជំនាញពាក់ព័ន្ធមានឆន្ទៈក្នុងការបង្ក្រាបមែន សូមដាក់កម្លាំងទៅបង្ក្រាបផងទាន។

គួររំលឹកផងដែរថាកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរ និងសមត្ថកិច្ចបានចុះបង្ក្រាបរោងសិប្បកម្មអារជ្រៀកឈើខ្នាតធំ(ម៉ាស៊ីនរ៉ៃ)មាន កម្លាំងអធិការ និងប៉ុស្តិ ដឹកនាំដោយ លោក រតន: ឧត្តម អធិការរង និងកម្លាំងក្រុមការងាររបស់ស្រុក ដឹកនាំដោយលោក សួង រុន អភិបាលរងនឹងកម្លាំងរដ្ឋបាលព្រៃឈើ១៣ផងដែរ នៅក្នុងភូមិឃ្លៃថ្មី ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តែមហាជនមានការងឿងឆ្ងល់ថាក្នុងប្រតិបត្តិការបង្ក្រាប ម៉ាស៊ីនរ៉ៃ របស់សមត្ថកិច្ចនោះមិនបានចាប់បង្ក្រាបរោងម៉ាស៊ីន (ម៉ាស៊ីនរ៉ៃ)របស់ថៅកែឈ្មោះ ធី នោះទេ ឬមួយរោងម៉ាស៊ីនរបស់ថៅកែ ធី ចេះបំបាំងកាយ ទើបធ្វើឱ្យសមត្ថកិច្ចមើលមិនឃើញ (ខណៈរោងម៉ាស៊ីននៅមិនឆ្ងាយពីគ្នាផង) ឬមួយថៅកែធី បានដាក់មន្តអាគមសារិកាលិនថោងបន្ទន់ចិត្តដល់មន្ត្រីជំនាញទាំងនោះ ឱ្យស្រវាំងភ្នែកមើលមិនឃើញ ត្រចៀកថ្លង់ស្តាប់មិនឮអ្វីទាំងអស់ ទើបអាចគេចផុតពីការចាប់បង្ក្រាបរបស់សមត្ថកិច្ចបាន៕