ខេត្តក្រចេះ៖ ទីតាំងស្ទុបទុកឈើមួយកន្លែងដែលគេស្គាល់ថាជារបស់លោកថៅកែ ធា ល្បីល្បាញខាងរកស៊ីបំផ្លាញព្រៃឈើ ត្រូវបានកម្លាំងយោធភូមិភាគទី២ធ្វើការបង្ក្រាប នឹងដកហូតឈើជាង១២ម៉ែត្រគូប ប៉ុន្តែថៅកែ ធា បានរត់គេចខ្លួនបាត់ស្រមោល។
ការបង្ក្រាបទីតាំងស្តុបឈើរបស់លោកថៅកែ ធា នេះធ្វើឡើងដោយ÷ យោងតាមបទបញ្ជាលោកនាយសេនាធិការយោធភូមិភាគទី២ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ តំបន់សឹក បានប្រើប្រាស់កម្លាំងចំនួន២៣នាក់ និងដឹកនាំដោយលោក វរសេនីយ៍ទោ លាត ញ៉ មេបញ្ជាការកងវរសេនាតូចលេខ២២៧ ចុះបង្ក្រាបបទល្មើស នៅចំណុច(៩៩ ៣០ ៧)ស្ថិតនៅក្នុងភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
មន្ត្រីយោធភូមិភាគទី២បានឱ្យដឹងថា លទ្ធផលបង្រ្កាបទីរាំងស្តុបឈើ ជាប្រភេទឈើក្រហមប្រវែង១៥ម៉ែត្រ គុណនិង៥ម៉ែត្រ ចំនួន១២ម៉ែត្រគូប ០៩ប្លាន ០៩ម៉ែត្រ។ ដែលជា របស់ឈ្មោះថៅកែឈ្មោះ ធា មានទីលំនៅក្នុងឃុំំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយកម្លាំងធ្វើការបង្ក្រាប លោកថៅកែធា បានរត់គេចខ្លួនបាត់ស្រមោល ។
បើយោងតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថានៅក្នុងបទល្មើសនេះ មានមេឈ្មួញកណ្ដាល ចំនួន២នាក់ ទី១.ឈ្មោះលោក បុត្រ មានតួនាទីទាហាន និងទី២. ឈ្មោះ លោក ឆៃ មានតួនាទីទាហាន ទាំងពីរនាក់ បច្ចុប្បន្នរស់នៅភូមិរមូល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ជាអ្នកបំផុស និងកៀងគរប្រជាពលរដ្ឋឲ្យចូលទៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងកាប់ផ្តូលរំលំដើមឈើ ឈើទាលធំៗនៅចំណុចភ្នំក្រហម អាច្រៀកដឹកជញ្ជូនតាមគោយន្តកន្ត្រៃយ៍ចេញមក ខណៈខ្លួនចាំប្រម៉ូលទិញ និងលក់បន្តទៅឱ្យថៅកែដែលជាមេឈ្មួញធំប្រចាំតំបន់ ព្រៃឡង់ឈ្មោះ លោក ធា មានទីលំនៅឃុំំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នឹងលើកដាក់លើរថយន្តសាំយ៉ុងកែច្នៃ ដឹកចេញពីភូមិរមួល ឃុំកំពង់ចាម ឆ្លងកាត់ស្រុកព្រែកប្រសប់ ឆ្ពោះទៅខេត្តកំពង់ចាម និងលក់ចែកចាយទៅតាមរាជធានី ខេត្ត ដោយមិនមានការចាប់បង្ក្រាបពីកម្លាំងជំនាញគ្រប់ផ្នែកតាមដងផ្លូវសោះ សង្ស័យថៅកែឬលោក ធា ចំណាយលើសមត្ថកិច្ចហើយ ។
នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិព្រៃឈើ បានឲ្យអ្នកសារព័ត៌មានយើងដឹង នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ជុំវិញការលើកឡើងខាងលើនេះដែរ អ្នកសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺ លោក បុត្រ នឹងលោក ឆៃ បានទេរហូតមកដល់ថ្ងៃចេញផ្សាយនេះដោយមិនមានលេខទូរសព្ទទំនាក់ទំនង ។
គួររំលឹកផងដែរថាកាលពីកន្លងទៅរថយន្តសាំយ៉ុងដឹកឈើរបស់មេឈ្មួញឈ្មោះ ធា ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការបង្ក្រាបស្ទាក់ចាប់និងដុតកម្ទេចចោលផងដែរ ចុះហេតុអ្វីបានជាមេឈ្មួញឈ្មោះ ធា នៅតែអាប្រព្រឹត្តបទល្មើសព្រៃឈើបានដ៏ដែលដោយមិនខ្លាចញញើតនិងច្បាប់អ្វីបន្តិចសោះ។
សូមរំលឹកថា÷កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ កម្លាំងបរិស្ថានកំពតគយបានបង្ក្រាបនិងស្ទាក់ចាប់បានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងកែច្នៃដឹកឈើប្រភេទឈើគ្រឿង នៅចំណុច ស្ពានក្ដារ ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយគេដឹងថាជារបស់មេឈ្មួញឈ្មោះ ធា នឹងជាមេឈ្មួញដុសស្លែមួយរូបប្រចាំតំបន់ព្រៃឡង់នេះ។
ប្រជាពលរដ្ឋធ្វើការទទូចស្នើសុំដល់អស់លោកសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធនានា ពិសេសលោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ដែលត្រៀមផ្លាស់តួនាទីមកបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថាន មេត្តាចាត់វិធានការផ្លូវច្បាប់ដល់ថៅកែ ធា ម្នាក់នេះផងទាន។ បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់រលាយហិនហោចជាក់ជាមិនខានឡើយ៕